Acts 13

1នៅក្នុងក្រុមជំនុំនៅ​ក្រុង​អាន់ទីយ៉ូក​មាន​ពួក​អ្នកនាំព្រះបន្ទូលនិង​ពួក​គ្រូបង្រៀន​គឺ​មាន​លោក​បារណាបាស​លោក​ស៊ីមានដែលហៅថានីគើរ​លោក​លូគាស​ជា​អ្នក​ក្រុង​គីរេន​លោក​សុលនិង​លោក​ម៉ាណាអេន​ជា​បងប្អូនចិញ្ចឹម​របស់​ហេរ៉ូឌ​ជា​ស្ដេចត្រាញ់ 2ពេលអ្នកទាំងនោះ​កំពុង​បម្រើព្រះអម្ចាស់ទាំង​តម​អាហារ​នោះ​ព្រះ​វិញ្ញាណបរិសុទ្ធមានបន្ទូល​ថា៖ ​«ចូរ​ញែកបារណាបាសនិងសុលឲ្យខ្ញុំសម្រាប់កិច្ចការដែល​ខ្ញុំ​ហៅពួកគេ​ឲ្យ​ធ្វើ» 3បន្ទាប់ពីបាន​តមអាហារអធិស្ឋាននិងដាក់ដៃ​លើ​អ្នក​ទាំង​ពីរ​រួច​ហើយ​ពួកគេ​ក៏​ចាត់​អ្នក​ទាំង​ពីរ​នោះ​ឲ្យ​ចេញ​ទៅ 4ដូច្នេះពួក​គាត់ក៏​ចេញទៅ​តាម​ដែល​ព្រះ​វិញ្ញាណបរិសុទ្ធចាត់​ឲ្យ​ទៅ​ហើយ​ក៏​ចុះទៅ​ក្រុង​សេលើស៊ា​រួច​បាន​ចេញ​ពី​ក្រុង​នោះ​ចុះ​សំពៅទៅ​កោះ​គីប្រុស 5ពេលទៅដល់​ក្រុង​សាឡាមីន​ពួក​គាត់​បាន​ប្រកាសព្រះបន្ទូល​របស់​ព្រះជាម្ចាស់នៅក្នុងសាលាប្រជុំ​របស់​ជនជាតិ​យូដាព្រមទាំងមាន​លោក​យ៉ូហាន​ជា​អ្នកជំនួយ​របស់​ពួក​គាត់​ដែរ 6ពេលពួក​គាត់​ធ្វើ​ដំណើរ​ឆ្លង​កាត់កោះនោះទាំងមូលរហូតដល់​ក្រុង​ប៉ាផុស​ពួក​គាត់​បាន​ជួបគ្រូមន្ដអាគម​ជា​ជនជាតិយូដាម្នាក់ឈ្មោះបារយេស៊ូ​ជា​អ្នកនាំព្រះបន្ទូលក្លែងក្លាយ 7ដែលបាន​នៅជាមួយ​លោក​អភិបាលម្នាក់​ឈ្មោះ​ស៊ើរគាសប៉ូឡូស​ជា​មនុស្ស​ដ៏​ឈ្លាសវៃលោក​អភិបាល​នោះ​បាន​អញ្ជើញ​លោក​បារណាបាសនិង​លោក​សុល​ឲ្យ​មក​ជួប​ព្រោះ​គាត់​ចង់ស្ដាប់ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ 8ប៉ុន្ដែគ្រូមន្ដអាគមអេលីម៉ាស់​(​ដ្បិតឈ្មោះ​របស់​គាត់ប្រែថាដូច្នេះ​)​បាន​ប្រឆាំងពួកគាត់​ដោយ​ខិតខំបង្វែរ​លោក​អភិបាលចេញពីជំនឿ 9ប៉ុន្ដែលោក​សុលដែល​ហៅ​ថា​ប៉ូល​គាត់​ពេញ​ដោយ​ព្រះ​វិញ្ញាណបរិសុទ្ធ​ហើយ​សម្លឹងមើលអ្នកនោះ 10រួចនិយាយថា៖ ​«នែកូនអារក្សសាតាំង​ដែល​ពេញ​ដោយ​សេចក្ដី​បោក​ប្រាស់និងល្បិចកលគ្រប់បែបយ៉ាង​និង​ជា​សត្រូវ​នៃ​សេចក្ដីសុចរិតទាំងឡាយ​អើយ! ​តើ​អ្នក​មិន​ព្រម​ឈប់បង្វែរផ្លូវទៀងត្រង់​របស់​ព្រះអម្ចាស់ទេ? 11មើល៍ឥឡូវនេះព្រះហស្ដ​របស់​ព្រះអម្ចាស់​បាន​ទាស់​នឹងអ្នកហើយ​អ្នក​នឹង​ត្រូវខ្វាក់​មួយ​រយៈមើលមិនឃើញពន្លឺថ្ងៃទេ» ​ស្រាប់តែ​អ្នក​នោះ​ចាប់ផ្ដើមព្រិលភ្នែក​ហើយ​ងងឹត​មើល​លែង​ឃើញ​រួចដើររាវរក​គេ​ឲ្យ​នាំផ្លូវ​គាត់។ 12ក្រោយពីបាន​ឃើញ​ហេតុការណ៍​នេះកើតឡើង​លោក​អភិបាល​ក៏​ជឿ​ហើយ​មាន​សេចក្ដី​អស្ចារ្យចំពោះ​សេចក្ដី​បង្រៀន​អំពី​ព្រះអម្ចាស់ 13លោកប៉ូល​និង​គូកន​របស់​គាត់​បាន​ចុះ​សំពៅ​ចេញពី​ក្រុង​ប៉ាផុសមកដល់​ក្រុង​ពើកា​ក្នុង​ស្រុក​ប៉ាមភីលា។ ​នៅពេលនោះ​លោក​យ៉ូហាន​បាន​ចាកចេញពី​ពួក​គាត់​ហើយ​ត្រលប់​ទៅ​ក្រុង​យេរូសាឡិមវិញ 14ប៉ុន្ដែពួក​គាត់​បាន​ធ្វើ​ដំណើរ​បន្ដពី​ក្រុង​ពើកាមកដល់​ក្រុង​អាន់ទីយ៉ូក​ក្នុង​ស្រុក​ពីស៊ីឌារួច​ពួក​គាត់​បាន​ចូលទៅអង្គុយក្នុងសាលាប្រជុំ​នៅ​ថ្ងៃសប្ប័ទ 15បន្ទាប់ពីអាន​គម្ពីរ​វិន័យនិង​គម្ពីរ​អ្នកនាំព្រះបន្ទូល​រួច​ហើយ​ប្រធាន​សាលាប្រជុំ​បាន​ចាត់គេ​ឲ្យ​ប្រាប់អ្នក​ទាំងពីរ​នោះថា៖ ​«បងប្អូនអើយ! ​បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្ដប្រជាជន​សូម​និយាយ​មក​ចុះ»។ 16ដូច្នេះលោក​ប៉ូល​ក៏​ក្រោកឡើងទាំង​លើក​ដៃ​ជា​សញ្ញា​ហើយ​និយាយថា៖ ​«ឱ​ជនជាតិអ៊ីស្រាអែលនិង​ពួក​អ្នកកោតខ្លាចព្រះជាម្ចាស់​អើយ! ​សូម​ស្ដាប់ចុះ! 17ព្រះរបស់​ជនជាតិអ៊ីស្រាអែល​នេះ​បាន​ជ្រើសរើសដូនតា​របស់​យើងហើយ​បាន​លើកតម្កើង​ជនជាតិ​នេះនៅពេលពួកគេស្នាក់នៅស្រុកអេស៊ីព្ទ​នៅ​ឡើយ​រួច​ព្រះអង្គ​បាន​នាំពួកគេចេញពី​ស្រុក​នោះដោយ​ព្រះ​ហស្ដដ៏មានអំណាច 18ព្រះអង្គបាន​ទ្រាំទ្រ​នឹង​ពួកគេនៅទីរហោឋានអស់រយៈពេលសែសិបឆ្នាំ 19ហើយក្រោយពី​បាន​បំផ្លាញជនជាតិ​ទាំង​ប្រាំពីរក្នុងស្រុកកាណាន​រួច​ព្រះអង្គ​ក៏​ប្រគល់ស្រុកនោះ​ដល់​ពួកគេ​ទុកជា​មរតក 20ហេតុការណ៍ទាំងនោះ​បាន​កើតឡើង​ប្រហែលបួនរយហាសិបឆ្នាំ។ ​ក្រោយមក​ព្រះអង្គ​បាន​ប្រទាន​ពួក​ចៅហ្វាយ​ដល់​ពួកគេ​រហូតដល់​ជំនាន់​លោក​សាំយូអែល​ដែល​ជាអ្នកនាំព្រះបន្ទូល 21បន្ទាប់មកគេ​បាន​សុំ​ឲ្យ​មាន​ស្ដេចដូច្នេះព្រះជាម្ចាស់ក៏ប្រទានសូល​ជា​កូន​លោក​គីស​មក​ពីកុលសម្ព័ន្ធបេនយ៉ាមីន​ឲ្យ​ធ្វើ​ជា​ស្ដេច​របស់​ពួកគេសែសិបឆ្នាំ 22បន្ទាប់ពីព្រះអង្គ​ដកស្ដេចសូលចេញ​ព្រះអង្គ​បាន​លើកដាវីឌ​ឲ្យ​ធ្វើ​ជាស្ដេច​របស់​ពួកគេ​ទាំង​មានបន្ទូលសរសើរ​អំពី​ស្ដេចដាវីឌថា​យើង​រកបានដាវីឌ​ជា​កូន​របស់​អ៊ីសាយ​គឺ​ជា​មនុស្សគាប់ចិត្ដយើងណាស់​ហើយ​ធ្វើ​តាម​បំណង​របស់​យើងទាំងអស់ 23តាមរយៈពូជពង្ស​ស្ដេច​នេះហើយ​ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​ព្រះ​យេស៊ូ​ជា​ព្រះអង្គសង្គ្រោះ​ឲ្យ​ជនជាតិអ៊ីស្រាអែលតាម​សេចក្ដី​សន្យា 24មុនពេល​ព្រះអង្គ​យាងមក​លោក​យ៉ូហាន​បាន​ប្រកាសប្រាប់ប្រជាជនអ៊ីស្រាអែលទាំងអស់​អំពី​ពិធី​ជ្រមុជ​ទឹក​ដែល​ជា​ភស្ដុតាង​បង្ហាញ​ពី​ការប្រែចិត្ត 25កាលលោក​យ៉ូហាន​កំពុង​បញ្ចប់ភារកិច្ច​របស់​គាត់​គាត់​បាន​និយាយថា​តើ​បងប្អូន​ស្មានថាខ្ញុំជានរណា? ​ខ្ញុំមិន​មែន​ជា​ព្រះអង្គ​នោះ​ទេប៉ុន្ដែមើល៍​ព្រះអង្គ​ដែល​យាងមកក្រោយខ្ញុំ​នោះ​ខ្ញុំមិនស័ក្ដិសមស្រាយខ្សែស្បែកជើង​របស់​ព្រះអង្គផង 26បងប្អូន​ជា​កូនចៅពូជពង្ស​របស់​លោក​អ័ប្រាហាំនិងបងប្អូននៅក្នុងចំណោម​ពួក​អ្នក​កោត​ខ្លាច​ព្រះជាម្ចាស់អើយ! ​ព្រះអង្គ​បាន​បញ្ជូនព្រះបន្ទូល​នៃ​សេចក្ដី​សង្គ្រោះ​នេះ​មក​យើងហើយ 27ដ្បិតពួក​អ្នករស់នៅក្នុង​ក្រុង​យេរូសាឡិមនិង​ពួក​អ្នកដឹកនាំ​របស់​ពួកគេមិន​បាន​ទទួល​ស្គាល់​ព្រះយេស៊ូនិងពាក្យ​របស់​ពួក​អ្នកនាំព្រះបន្ទូលដែល​បាន​អានរៀងរាល់ថ្ងៃសប្ប័ទទេ​ពួកគេ​បាន​សម្រេចសេចក្ដី​ទាំងនេះ​ដោយ​បាន​ធ្វើទោស​ព្រះ​យេស៊ូ 28ហើយទោះបី​ពួកគេ​រកហេតុសម្លាប់​ព្រះអង្គ​មិនបាន​ក៏ដោយ​ក៏​ពួកគេ​សុំ​លោក​ពីឡាត់​ឲ្យ​សម្លាប់ព្រះអង្គ​ដែរ។ 29កាលពួកគេ​បាន​សម្រេច​សេចក្ដី​ទាំងឡាយដែល​បាន​ចែងទុកអំពីព្រះអង្គ​រួច​ហើយ​ពួកគេ​ក៏​ដាក់​ព្រះអង្គ​ចុះពី​លើ​ឈើ​ឆ្កាង​ហើយ​បញ្ចុះនៅក្នុងផ្នូរ 30ប៉ុន្ដែព្រះជាម្ចាស់​បាន​ប្រោសព្រះអង្គ​ឲ្យ​រស់​ពីការសោយទិវង្គត​ឡើង​វិញ 31ហើយព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ពួក​អ្នកដែល​បាន​ធ្វើដំណើរ​ជាមួយ​ព្រះអង្គពី​ស្រុក​កាលីឡេទៅ​ក្រុង​យេរូសាឡិមឃើញជាច្រើនថ្ងៃ​គឺ​អ្នក​ទាំង​នេះ​ហើយ​ជាសាក្សី​របស់​ព្រះអង្គដល់បណ្ដាជននៅសព្វថ្ងៃនេះ 32ដូច្នេះយើង​កំពុង​ប្រកាសប្រាប់អ្នករាល់គ្នា​អំពី​សេចក្ដីសន្យា​ដែល​ព្រះជាម្ចាស់​បាន​សន្យាជាមួយដូនតា​របស់​យើង​នោះ 33ថាព្រះជាម្ចាស់​បាន​សម្រេច​សេចក្ដី​សន្យា​នេះ​ដល់​យើង​ជា​កូនចៅ​របស់​ពួកគាត់​ដោយ​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​រស់​ឡើង​វិញដូច​មាន​សេចក្ដីចែង​ទុក​នៅក្នុងទំនុកតម្កើង​ជំពូក​ទីពីរថាអ្នកជាកូន​របស់​យើងយើង​បាន​បង្កើតអ្នក​នៅ​ថ្ងៃនេះ 34ហើយការ​ដែល​ព្រះជាម្ចាស់​បាន​ប្រោសព្រះយេស៊ូ​ឲ្យ​រស់​ពីការសោយទិវង្គត​ឡើង​វិញ​ដោយ​មិន​ឲ្យ​ត្រលប់ទៅសេចក្ដីពុករលួយទៀត​នោះ​ព្រះអង្គ​បាន​មានបន្ទូល​យ៉ាង​ដូច្នេះថា​យើង​នឹង​ប្រទានសេចក្ដីមេត្ដាករុណាស្មោះត្រង់​ដែល​បាន​សន្យា​ជាមួយ​ដាវីឌ​ដល់​អ្នករាល់គ្នា 35ដូច្នេះហើយ​ព្រះជាម្ចាស់​មានបន្ទូលនៅក្នុង​ទំនុកតម្កើង​ផ្សេងទៀតដែរថា​ព្រះអង្គ​មិនបណ្ដោយឲ្យអ្នកបរិសុទ្ធ​របស់​ព្រះអង្គជួបសេចក្ដីពុករលួយឡើយ 36ដ្បិតស្ដេចដាវីឌ​ពេល​បាន​បម្រើ​នៅក្នុង​ជំនាន់របស់ខ្លួនតាមបំណង​របស់​ព្រះជាម្ចាស់​រួច​ហើយ​ស្ដេច​ក៏​ស្លាប់ទៅហើយ​គេ​បាន​បញ្ចុះ​សព​ស្ដេចនៅជាមួយដូនតារួច​បាន​ជួប​នឹង​សេចក្ដីពុករលួយ 37ប៉ុន្ដែព្រះ​មួយ​អង្គ​ដែលព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ឡើងវិញ​នោះ​មិន​បាន​ជួបសេចក្ដីពុករលួយទេ 38ដូច្នេះបងប្អូនអើយ! ​សូមយល់​អំពី​សេចក្ដី​នេះ​ថាតាមរយៈព្រះយេស៊ូការ​លើក​លែង​ទោសបាប​ត្រូវ​បាន​ប្រកាសប្រាប់អ្នករាល់គ្នា 39ហើយដោយសារព្រះអង្គអស់អ្នកដែលជឿ​ក៏​បាន​រាប់​ជា​សុចរិតពី​គ្រប់​ការ​ទាំងអស់ដែលតាមគម្ពីរវិន័យរបស់​លោក​ម៉ូសេ​អ្នករាល់គ្នា​មិនអាច​ត្រូវ​រាប់​ជា​សុចរិតបានឡើយ 40ដូច្នេះចូរ​ប្រយ័ត្នកុំ​ឲ្យ​សេចក្ដីដែល​បាន​ថ្លែងទុកតាមរយៈ​ពួក​អ្នកនាំព្រះបន្ទូលកើត​មាន​ដល់​អ្នករាល់គ្នា​ឡើយ​គឺ​ថា 41ឱពួក​អ្នកមើលងាយអើយ! ​ចូរ​វិនាសទាំងងឿងឆ្ងល់ចុះដ្បិតយើង​កំពុង​ធ្វើការមួយនៅក្នុងជំនាន់អ្នករាល់គ្នា​ជា​ការដែល​អ្នករាល់គ្នា​មិនជឿឡើយទោះបី​មាន​អ្នកណាប្រកាសប្រាប់អ្នករាល់គ្នាក៏ដោយ»។ 42កាលលោក​ប៉ូល​និង​លោកបារណាបាសចេញ​ពី​សាលាប្រជុំ​ពួកគេ​បាន​អង្វរ​ពួក​គាត់​ឲ្យ​និយាយ​អំពី​សេចក្ដីទាំងនេះ​ប្រាប់​ពួកគេនៅថ្ងៃសប្ប័ទក្រោយទៀត 43នៅពេល​ដែល​គេ​រំសាយការជួបប្រជុំ​នោះ​មាន​ពួក​ជនជាតិ​យូដានិង​ពួក​អ្នក​ចូល​សាសនា​យូដាជាច្រើន​ដែល​គោរពប្រណិប័តន៍ព្រះជាម្ចាស់​បាន​ដើរតាម​លោក​ប៉ូលនិង​លោក​បារណាបាសអ្នកទាំងពីរ​បាន​និយាយដាស់តឿនពួកគេ​ឲ្យ​នៅខ្ជាប់ខ្ជួនក្នុង​ព្រះ​គុណ​របស់​ព្រះជាម្ចាស់ 44លុះដល់ថ្ងៃសប្ប័ទក្រោយ​អ្នក​ក្រុងស្ទើរតែទាំងអស់​បាន​មក​ជួបជុំ​គ្នាស្ដាប់​ព្រះ​បន្ទូល​របស់​ព្រះអម្ចាស់ 45ប៉ុន្ដែពេល​ពួក​ជនជាតិ​យូដាឃើញមនុស្សកុះករដូច្នេះ​ពួកគេ​ក៏ពេញ​ដោយ​សេចក្ដី​ច្រណែនហើយនិយាយប្រឆាំងសេចក្ដីទាំងឡាយ​ដែល​លោក​ប៉ូល​បាន​និយាយ​ទាំង​ប្រមាថ​គាត់​ទៀត​ផង។ 46ដូច្នេះលោក​ប៉ូលនិង​លោក​បារណាបាសក៏និយាយ​យ៉ាង​ក្លាហានថា៖ ​«យើង​ត្រូវតែប្រកាសព្រះបន្ទូល​របស់​ព្រះជាម្ចាស់ប្រាប់អ្នករាល់គ្នាមុនគេ​ប៉ុន្ដែ​ដោយសារ​អ្នករាល់គ្នា​បដិសេធហើយយល់​ឃើញ​ថាខ្លួនមិនស័ក្ដិសម​ទទួល​យក​ជីវិតអស់កល្បជានិច្ច​ដូច្នេះ​មើល៍​យើង​បែរទៅរក​សាសន៍​ដទៃ​វិញ 47ដ្បិតព្រះអម្ចាស់​បាន​បង្គាប់យើង​យ៉ាង​ដូច្នេះថា​យើង​បាន​តាំងអ្នកជាពន្លឺ​ដល់​សាសន៍​ដទៃដើម្បីឲ្យអ្នកនាំយក​សេចក្ដី​សង្គ្រោះដល់ចុងបំផុត​នៃ​ផែនដី»។ 48ពេលសាសន៍ដទៃ​សេចក្ដី​នេះ​ក៏​ត្រេកអរហើយ​សរសើរ​តម្កើង​ព្រះ​បន្ទូលរបស់ព្រះអម្ចាស់​រីឯ​អស់អ្នក​ដែល​ព្រះជាម្ចាស់​បាន​កំណត់ឲ្យមានជីវិតអស់កល្បក៏ជឿ 49ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ក៏​ពាស​ពេញតំបន់នោះទាំងមូល 50ប៉ុន្ដែពួក​ជនជាតិ​យូដា​បាន​ញុះញង់​ពួក​ស្ដ្រីមានមុខមាត់​ដែល​គោរពប្រណិប័តន៍ព្រះជាម្ចាស់និង​ពួក​អ្នកដឹកនាំ​នៅ​ក្នុង​ក្រុងនោះ​ពួកគេ​ក៏លើកគ្នាបៀតបៀន​លោក​ប៉ូលនិង​លោក​បារណាបាសហើយបណ្ដេញពួកគាត់ចេញពីទឹកដី​របស់​ពួកគេ 51ដូច្នេះពួកគាត់ក៏រលាស់ធូលីដីចេញពីជើងទាស់នឹងពួកគេ​រួច​បាន​ធ្វើដំណើរទៅក្រុងអ៊ីកូនាម 52រីឯពួក​សិស្ស​បាន​ពេញ​ដោយ​អំណរនិង​ព្រះ​វិញ្ញាណបរិសុទ្ធ
Copyright information for KhmKCB